Pages

Wednesday, February 22, 2012

សុខ ស្រីលក្ខណ៍ បដិសេធស្នេហ៍


  
Wednesday, 22 February 2012 00:21
ថ្មីៗនេះនៅពិភពសិល្បៈមានលេចឮ ព័ត៌មាននិយាយអេចអូចតៗគ្នាថា អ្នក ចម្រៀង សុខ ស្រីលក្ខណ៍ ដែលត្រូវ បានគេស្គាល់ថាជាប្អូនស្រីបង្កើត របស់អ្នក ចម្រៀង សុខ សីឡាលីន នោះ មានទំនាក់ទំនងពិសេសជាមួយ លោក អ៊ុក មិន ណារួន ជាអ្នកវាយស្គរនៅក្នុងក្រុមចចកសមុទ្រ ហើយក៏ត្រូវជាបងប្រុសរបស់លោក អ៊ុក មិនណារិទ្ធ ដែលជាគូស្នេហ៍ស្មោះស្ម័គ្ររបស់ សុខ សីឡាលីន ដែរ ។ គេបាន ឃើញគូស្នេហ៍ទាំងពីរគូនេះនាំគ្នាទៅដើរលេងនៅក្នុងខេត្តព្រះសីហនុយ៉ាងរីករាយ កាលពីដើមឆ្នាំ ២០១២ នេះ ។ ជាមួយនឹងការទទួលស្គាល់ថាបានទៅដើរកម្សាន្ត នៅកំពង់សោម សុខ ស្រីលក្ខណ៍ ប្រាប់ថា ជាការរាប់អានបែបបងប្អូន ...ទៅវិញ ។


      ថ្វីដ្បិត សុខ ស្រីលក្ខណ៍ មិនមែនជាអ្នកចម្រៀងប្រចាំផលិតកម្មក៏ពិត មែន តែគេសង្កេតឃើញថា ប្រជាប្រិយ ភាពរបស់នាងលេចធ្លោគ្រាន់បើ ។ ជាពិសេសមួយរយៈចុងក្រោយនេះនាងមមាញឹកចេញច្រៀងនៅតាម បណ្តា ខេត្តឱ្យក្រុមហ៊ុនអាន់ឆ័រប៉ុន្តែយ៉ាងណា សុខ ស្រីលក្ខណ៍ តែងបង្ហាញ មុខនៅតាមបណ្តាឆាកប្រគំតន្ត្រីនៃ ស្ថានីយទូរទស្សន៍នានា ។ ជាក់ស្តែង កាលពីថ្ងៃទី ៣ ខែកុម្ភៈកន្លងទៅ សុខ ស្រីលក្ខណ៍ បានបង្ហាញមុខនៅ ក្នុងកម្មវិធី “តន្ត្រីសុក្រសប្បាយ” នៃទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយបក ស្រាយបទចម្រៀងប្រមាណជាបួនបទ ដែលមានទាំងបទមនោសញ្ចោតនា និង បទញាក់ ។ ជាមួយនឹងការតុបតែងខ្លួនបែបយុវវ័យ គេមើល ឃើញថាអ្នកចម្រៀងវ័យ ២១ ឆ្នាំរូបនេះ មានរូបសម្រស់ស្រស់សោភា តែមានរូបរាងស្គមស្តើងជាងមុន ។ ក្នុងនោះអ្នកខ្លះនិយាយថា សុខ ស្រីលក្ខណ៍ ពិបាកចិត្តរឿងស្នេហា... ។ ឯអ្នកខ្លះថាអ្នកចម្រៀងសម្បុរ ស្រអែមរូបនេះស្គមដោយសារនាងសម្រកទម្ងន់ ។

      សុខ ស្រីលក្ខណ៍ បានប្រាប់“ប្រជាប្រិយ”ថា “ខ្ញុំស្គមដោយសារ ហត់នឿយនឹងការងារ ហើយមិនសូវ បានសម្រាកគ្រប់គ្រាន់ ។ ក្នុងនោះមិត្ត ភក្តិជាច្រើនសុទ្ធតែនិយាយថាខ្ញុំស្គមអ៊ីចឹងមិនស្អាតទេ” ។ គួរបញ្ជាក់ថា សុខ ស្រីលក្ខណ៍ ជាអ្នកចម្រៀងនៅក្នុងក្រសួងទេសចរណ៍ ហើយជារៀងរាល់យប់ នាងច្រៀងនៅក្លឹប ទៀនឹ ។ លើកនេះក៏មិនខុសពីលើកមុនដែរ សុខ ស្រីលក្ខណ៍ បានអួតថា មានផលិតកម្មមួយចំនួនទាក់ទងរូបនាង តែខ្លួននាងផ្ទាល់មានការ ស្ទាក់ស្ទើរនៅឡើយ ។ សម្រាប់ឆ្នាំ ២០១២ នេះស្រីស្អាត សុខ ស្រីលក្ខណ៍ មានយីអ៊ុនឡើងគ្រាន់បើដែរ ដោយនាងមានគម្រោងទៅសម្តែងនៅសហរដ្ឋ អាមេរិករយៈពេលជាងពីរខែ ។ ក្នុងនោះ សុខ ស្រីលក្ខណ៍ បានឱ្យដឹងថា ប្រសិនការសម្ភាសបានជោគជ័យនាងនឹងចេញទៅនៅក្នុងដើមខែមីនា តែនាង មិនបានបញ្ជាក់ថារួមដំណើរជាមួយតារាចម្រៀងរូបណានោះទេ ។

      គេនៅចាំបានថា នៅពេលដែលយើងសួរពាក់ព័ន្ធរឿងស្នេហា សុខ ស្រីលក្ខណ៍ តែងប្រាប់ថាមិនទាន់គិត ប៉ុន្តែថ្មីៗនេះនៅក្នុងមជ្ឈដ្ឋានសិល្បៈ មានលេចឮព័ត៌មានអេចអូចថា អ្នកចម្រៀងរូបនេះកំពុងមានសម្ពន្ធភាព ពិសេស ជាមួយ លោក អ៊ុក មិនណារួន ដែលជាអ្នកវាយស្គរនៅ ក្នុងក្រុមចចកសមុទ្រ ហើយក៏ជាបងប្រុសរបស់លោក អ៊ុក មិនណារិទ្ធ ដែលជាគូស្នេហ៍របស់ សុខ សីឡាលីន ។ ទំនាក់ទំនងរវាង សុខ ស្រីលក្ខណ៍ និង អ្នកវាយស្គររូប នេះទើបនឹងកើតមាននៅក្នុងពេលថ្មីៗនេះ ហើយកាលពី ដើមឆ្នាំ ២០១២ គេក៏បានឃើញគូស្នេហ៍បងប្អូនទាំង ពីរគូនេះទៅដើរកម្សាន្តនៅខេត្តព្រះសីហនុយ៉ាងរីក រាយ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងថាក្រុមគ្រួសារ របស់ សុខ ស្រីលក្ខណ៍ ជាពិសេសម្តាយរបស់នាង ពេញចិត្ត និង យល់ព្រមចំពោះចំណងស្នេហ៍រវាងនាង និង អ្នកវាយស្គររូបនោះទេ ពីព្រោះកន្លងមកអ្នកស្រីធ្លាប់ ជំទាស់យ៉ាងដាច់ខាតចំពោះចំណងស្នេហ៍រវាង សុខ សី ឡាលីន និង អ៊ុក មិនណារិទ្ធ ជាប្អូនប្រុសរបស់ អ៊ុក មិនណារួន រួចទៅហើយ ។

      ទោះបីជាយ៉ាងនេះក្តីគេមិនដែលឃើញ សុខ ស្រីលក្ខណ៍ បណ្តើរគូស្នេហ៍ទៅចូលរួមកម្មវិធីផ្សេងៗជា ចំហដូចបងស្រីនាងនោះទេ ។ ទន្ទឹមនឹងបដិសេធថាមិន មែនជាការពិត សុខ ស្រីលក្ខណ៍ បានប្រាប់ថា “រវាងខ្ញុំ និង គាត់ (លោក អ៊ុក មិនណារួន) រាប់អានជាលក្ខណៈបែបបង ប្អូន ហើយការនិយាយបែបនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ គ្រួសារទាំងពីរ” តែក្នុងនោះ សុខ ស្រីលក្ខណ៍ បានទទួល ស្គាល់ថា នាងពិតជាបានទៅដើរកម្សាន្តនៅក្រុងព្រះសីហនុមែនកាលពីថ្ងៃបុណ្យឆ្លងឆ្នាំ តែទៅគ្នាច្រើន ក្នុងនោះ មានលោក វ៉ាន់ មករា ជាដើម ៕    

ម រដ្ឋា ថាឆ្នាំចាស់ឆុង សង្ឃឹមឆ្នាំថ្មីនេះ


 
Tuesday, 21 February 2012 00:25
អ្នកបង្ហាញម៉ូដ និង សម្តែងរាងខ្ពស់ ស្រឡះ ទឹម រដ្ឋា មានគម្រោងប្តូរ យុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ ២០១២ នេះដើម្បីស្តារ ប្រជាប្រិយភាពសិល្បៈរបស់ នាងឡើងវិញ បន្ទាប់ពីធ្លាក់ ចុះបន្តិច កាលពីឆ្នាំ ២០១១ កន្លងមក ។


      ទឹម រដ្ឋា បានចាត់ទុកឆ្នាំ ២០១១ ថាជាឆ្នាំឆុង ដែលបានធ្វើឱ្យនាងខាតបង់ប្រាក់កាសច្រើនដោយក្នុង នោះមានដូចជាបញ្ហាគ្រោះថ្នាក់ចរាចរដែលធ្វើឱ្យរថយន្ត របស់នាងខូចខាតជាដើម ថ្វីដ្បិតតែបញ្ហាគ្រោះថ្នាក់ នោះគឺជាប្អូនស្រីរបស់នាងឈ្មោះ ទឹម វត្តី ជាអ្នកបើកបរក្នុងពេលជួបគ្រោះថ្នាក់នោះក៏ដោយ ។ ដោយសារ តែយីអ៊ុនកាលពីឆ្នាំ ២០១១ មិនសូវល្អ នៅក្នុងឆ្នាំ ២០១២ នេះអ្នកសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា បានរកយុទ្ធសាស្ត្រថ្មី គឺធ្វើយ៉ាងណាឱ្យរូបនាងមានទំនាក់ទំនងល្អជាមួយខាងប៉ុស្តិ៍ទូរទស្សន៍នានា ដើម្បីបង្ហាញខ្លួនញ្ញឹកញ្ញាប់ ទោះជាការបង្ហាញជាក្រុមឬក៏តែម្នាក់ឯងក៏ដោយ ដើម្បីឱ្យទស្សនិកជនមានការចាប់អារម្មណ៍លើរូបនាង ឡើងវិញ ជាពិសេសដើម្បីឱ្យអ្នកដឹកនាំរឿងក៏ដូចជាបណ្តាក្រុមហ៊ុននានាចាប់អារម្មណ៍ទាក់ទងនាងឱ្យថតរឿង និង ស្ប៉តពាណិជ្ជកម្ម ជាដើម ព្រមទាំងដើម្បីឱ្យទស្សនិកជនបានឃើញអំពីសម្រស់ និង សកម្មភាពសិល្បៈរបស់នាង ដែលទាំងអស់នេះជាមូលហេតុអាច នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះកើនឡើងវិញ ។

    
      ទឹម រដ្ឋា បានឱ្យដឹងថា “បើយើងមិន បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ទេ គឺគេមិនស្គាល់  និង មិនបាន ឃើញអំពីរូបសម្រស់របស់យើងនោះ ទេ ណាមួយគេគិតថា ខ្ញុំអត់សូវមានសកម្មភាព សិល្បៈថែមទៀតផង”។ នាងបន្តថា “យុទ្ធសាស្ត្រ ឆ្នាំ ២០១២ នេះ គឺរាល់ការបង្ហាញមុខតាមស្ថានីយ ទូរទស្សន៍ខ្ញុំនឹងធ្វើអ្វីៗឱ្យប្លែក ជាពិសេសតាមរយៈ ការស្លៀកពាក់ ការតុបតែងខ្លួនតាមស្ទីលប្លែកៗ ដែលក្នុងនោះមានដូចជា សម្ភារៈប្រើប្រាស់ ជា ដើម ក៏ត្រូវការផ្លាស់ប្តូរដែរ ប្រសិនបើអាច ដើម្បី ទាក់ទាញនូវការចាប់អារម្មណ៍ ”។

      នាងបានឲ្យដឹងថា ការងារបង្ហាញម៉ូដនៅ ក្នុងក្រុម Cambodia Super Model មមាញ្ញឹក ខ្លាំង ជាពិសេស ចាប់តាំងពីដើមឆ្នាំ ២០១២ នេះ គម្រោងបង្ហាញម៉ូដមានច្រើនជាងការសម្តែង ។

      នៅក្នុងឆ្នាំ ២០១១ កន្លងមក គេឃើញ ទឹម រដ្ឋា សម្តែងភាពយន្តបានតែមួយរឿងប៉ុណ្ណោះ គឺ រឿង “ភ័ព្វសំណាង” ដែលបានដាក់បញ្ចាំងនៅ ទូរទស្សន៍ CTN នាពេលកន្លងមក ហើយឆ្នាំ ២០១២ នេះ នាងមិនទាន់ចុះកិច្ចសន្យាថតរឿង ឱ្យទូរទស្សន៍ ឬក៏ផលិតកម្មណាមួយនៅឡើយទេ ។

      កាលពីឆ្នាំ ២០១១ កន្លងមក ទឹម រដ្ឋា បាន និយាយថា ជាឆ្នាំដែលមិនសូវមានហុងស៊ុយល្អ សម្រាប់នាង ដោយនាងចាត់ទុកថាជាឆ្នាំឆុង ។ នាងសង្ឃឹមថា ឆ្នាំថ្មីនេះវាល្អប្រសើរវិញ ប៉ុន្តែទស្សនិកជនខ្លះចាប់ អារម្មណ៍ថា ទឹម រដ្ឋា កាន់តែចាស់ ហើយ ម៉្យាងសព្វថ្ងៃនេះនាងកាន់តែស្គម ហើយ មើលទៅកាន់តែខ្ពស់ ដូច្នេះក្រៅពីបង្ហាញម៉ូដ នាងប្រហែលជាមិនសូវទាក់ទាញអារម្មណ៍ទស្សនិកជនទេ ៕  

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons