Pages

Wednesday, February 22, 2012

សុខ ស្រីលក្ខណ៍ បដិសេធស្នេហ៍


  
Wednesday, 22 February 2012 00:21
ថ្មីៗនេះនៅពិភពសិល្បៈមានលេចឮ ព័ត៌មាននិយាយអេចអូចតៗគ្នាថា អ្នក ចម្រៀង សុខ ស្រីលក្ខណ៍ ដែលត្រូវ បានគេស្គាល់ថាជាប្អូនស្រីបង្កើត របស់អ្នក ចម្រៀង សុខ សីឡាលីន នោះ មានទំនាក់ទំនងពិសេសជាមួយ លោក អ៊ុក មិន ណារួន ជាអ្នកវាយស្គរនៅក្នុងក្រុមចចកសមុទ្រ ហើយក៏ត្រូវជាបងប្រុសរបស់លោក អ៊ុក មិនណារិទ្ធ ដែលជាគូស្នេហ៍ស្មោះស្ម័គ្ររបស់ សុខ សីឡាលីន ដែរ ។ គេបាន ឃើញគូស្នេហ៍ទាំងពីរគូនេះនាំគ្នាទៅដើរលេងនៅក្នុងខេត្តព្រះសីហនុយ៉ាងរីករាយ កាលពីដើមឆ្នាំ ២០១២ នេះ ។ ជាមួយនឹងការទទួលស្គាល់ថាបានទៅដើរកម្សាន្ត នៅកំពង់សោម សុខ ស្រីលក្ខណ៍ ប្រាប់ថា ជាការរាប់អានបែបបងប្អូន ...ទៅវិញ ។


      ថ្វីដ្បិត សុខ ស្រីលក្ខណ៍ មិនមែនជាអ្នកចម្រៀងប្រចាំផលិតកម្មក៏ពិត មែន តែគេសង្កេតឃើញថា ប្រជាប្រិយ ភាពរបស់នាងលេចធ្លោគ្រាន់បើ ។ ជាពិសេសមួយរយៈចុងក្រោយនេះនាងមមាញឹកចេញច្រៀងនៅតាម បណ្តា ខេត្តឱ្យក្រុមហ៊ុនអាន់ឆ័រប៉ុន្តែយ៉ាងណា សុខ ស្រីលក្ខណ៍ តែងបង្ហាញ មុខនៅតាមបណ្តាឆាកប្រគំតន្ត្រីនៃ ស្ថានីយទូរទស្សន៍នានា ។ ជាក់ស្តែង កាលពីថ្ងៃទី ៣ ខែកុម្ភៈកន្លងទៅ សុខ ស្រីលក្ខណ៍ បានបង្ហាញមុខនៅ ក្នុងកម្មវិធី “តន្ត្រីសុក្រសប្បាយ” នៃទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយបក ស្រាយបទចម្រៀងប្រមាណជាបួនបទ ដែលមានទាំងបទមនោសញ្ចោតនា និង បទញាក់ ។ ជាមួយនឹងការតុបតែងខ្លួនបែបយុវវ័យ គេមើល ឃើញថាអ្នកចម្រៀងវ័យ ២១ ឆ្នាំរូបនេះ មានរូបសម្រស់ស្រស់សោភា តែមានរូបរាងស្គមស្តើងជាងមុន ។ ក្នុងនោះអ្នកខ្លះនិយាយថា សុខ ស្រីលក្ខណ៍ ពិបាកចិត្តរឿងស្នេហា... ។ ឯអ្នកខ្លះថាអ្នកចម្រៀងសម្បុរ ស្រអែមរូបនេះស្គមដោយសារនាងសម្រកទម្ងន់ ។

      សុខ ស្រីលក្ខណ៍ បានប្រាប់“ប្រជាប្រិយ”ថា “ខ្ញុំស្គមដោយសារ ហត់នឿយនឹងការងារ ហើយមិនសូវ បានសម្រាកគ្រប់គ្រាន់ ។ ក្នុងនោះមិត្ត ភក្តិជាច្រើនសុទ្ធតែនិយាយថាខ្ញុំស្គមអ៊ីចឹងមិនស្អាតទេ” ។ គួរបញ្ជាក់ថា សុខ ស្រីលក្ខណ៍ ជាអ្នកចម្រៀងនៅក្នុងក្រសួងទេសចរណ៍ ហើយជារៀងរាល់យប់ នាងច្រៀងនៅក្លឹប ទៀនឹ ។ លើកនេះក៏មិនខុសពីលើកមុនដែរ សុខ ស្រីលក្ខណ៍ បានអួតថា មានផលិតកម្មមួយចំនួនទាក់ទងរូបនាង តែខ្លួននាងផ្ទាល់មានការ ស្ទាក់ស្ទើរនៅឡើយ ។ សម្រាប់ឆ្នាំ ២០១២ នេះស្រីស្អាត សុខ ស្រីលក្ខណ៍ មានយីអ៊ុនឡើងគ្រាន់បើដែរ ដោយនាងមានគម្រោងទៅសម្តែងនៅសហរដ្ឋ អាមេរិករយៈពេលជាងពីរខែ ។ ក្នុងនោះ សុខ ស្រីលក្ខណ៍ បានឱ្យដឹងថា ប្រសិនការសម្ភាសបានជោគជ័យនាងនឹងចេញទៅនៅក្នុងដើមខែមីនា តែនាង មិនបានបញ្ជាក់ថារួមដំណើរជាមួយតារាចម្រៀងរូបណានោះទេ ។

      គេនៅចាំបានថា នៅពេលដែលយើងសួរពាក់ព័ន្ធរឿងស្នេហា សុខ ស្រីលក្ខណ៍ តែងប្រាប់ថាមិនទាន់គិត ប៉ុន្តែថ្មីៗនេះនៅក្នុងមជ្ឈដ្ឋានសិល្បៈ មានលេចឮព័ត៌មានអេចអូចថា អ្នកចម្រៀងរូបនេះកំពុងមានសម្ពន្ធភាព ពិសេស ជាមួយ លោក អ៊ុក មិនណារួន ដែលជាអ្នកវាយស្គរនៅ ក្នុងក្រុមចចកសមុទ្រ ហើយក៏ជាបងប្រុសរបស់លោក អ៊ុក មិនណារិទ្ធ ដែលជាគូស្នេហ៍របស់ សុខ សីឡាលីន ។ ទំនាក់ទំនងរវាង សុខ ស្រីលក្ខណ៍ និង អ្នកវាយស្គររូប នេះទើបនឹងកើតមាននៅក្នុងពេលថ្មីៗនេះ ហើយកាលពី ដើមឆ្នាំ ២០១២ គេក៏បានឃើញគូស្នេហ៍បងប្អូនទាំង ពីរគូនេះទៅដើរកម្សាន្តនៅខេត្តព្រះសីហនុយ៉ាងរីក រាយ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងថាក្រុមគ្រួសារ របស់ សុខ ស្រីលក្ខណ៍ ជាពិសេសម្តាយរបស់នាង ពេញចិត្ត និង យល់ព្រមចំពោះចំណងស្នេហ៍រវាងនាង និង អ្នកវាយស្គររូបនោះទេ ពីព្រោះកន្លងមកអ្នកស្រីធ្លាប់ ជំទាស់យ៉ាងដាច់ខាតចំពោះចំណងស្នេហ៍រវាង សុខ សី ឡាលីន និង អ៊ុក មិនណារិទ្ធ ជាប្អូនប្រុសរបស់ អ៊ុក មិនណារួន រួចទៅហើយ ។

      ទោះបីជាយ៉ាងនេះក្តីគេមិនដែលឃើញ សុខ ស្រីលក្ខណ៍ បណ្តើរគូស្នេហ៍ទៅចូលរួមកម្មវិធីផ្សេងៗជា ចំហដូចបងស្រីនាងនោះទេ ។ ទន្ទឹមនឹងបដិសេធថាមិន មែនជាការពិត សុខ ស្រីលក្ខណ៍ បានប្រាប់ថា “រវាងខ្ញុំ និង គាត់ (លោក អ៊ុក មិនណារួន) រាប់អានជាលក្ខណៈបែបបង ប្អូន ហើយការនិយាយបែបនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ គ្រួសារទាំងពីរ” តែក្នុងនោះ សុខ ស្រីលក្ខណ៍ បានទទួល ស្គាល់ថា នាងពិតជាបានទៅដើរកម្សាន្តនៅក្រុងព្រះសីហនុមែនកាលពីថ្ងៃបុណ្យឆ្លងឆ្នាំ តែទៅគ្នាច្រើន ក្នុងនោះ មានលោក វ៉ាន់ មករា ជាដើម ៕    

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons